នៅព្រឹក ថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់កែប ឯកឧត្តម សោម ពិសិដ្ឋ រួមដំណើរដោយ លោក លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកស្រីអភិបាលក្រុង សមាជិកសមាជិការក្រុមការងារចុះជួយសង្កាត់កែបបានជួបសំណេះសំណាល សួរសុខទុក្ខ មេភូមិគ្រប់ភូមិ ក្រុមប្រឹក្សា និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក្នុងសង្កាត់កែប។
ក្នុងឱកាសជួបសំណោះសំណាល និងសួរ សុខទុក្ខនេះផងដែរ ឯកឧត្តម បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន អ្នកដែលធ្លាប់បានបើកប្រាក់ឧបត្តម្ភនៅខែមិថុនា(ជុំទី១) សូមអញ្ជើញទៅបើកជុំទី២ ចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារវីង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។ ដោយឡែកសម្រាប់បងប្អូនដែលទើបទទួលបានប័ណ្ណក្រីក្រថ្មីៗនេះ ត្រូវទៅពិនិត្យឈ្មោះនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅទើបអាចបើកប្រាក់បាន ។
សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាក។ សម្តេចតេជោតែងតែអនុវត្តន៍តាមគោលការណ៍ “ទីណាមានទុក្ខលំបាករបស់ប្រជាជន ត្រូវតែមានគណបក្សប្រជាជននៅទីនោះចាំជួយដោះស្រាយជូន”។ ជាក់ស្តែងក្នុងអំឡុងពេលកូវីដ១៩ នេះ បងប្អូនយើងមួយចំនួនបានរងផលប៉ះពល ធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់បងប្អូនសម្តេចតេជោ ដែលជាប្រមុខបានដាក់ចេញនូវគោលការណ៍ឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រពិតប្រាកដ។
ថ្ងៃនេះ នៅសង្កាត់កែប ប័ណ្ណសមធម៌ ចំនួន៣២សន្លឹក បានផ្តល់ជូនគ្រួសារក្រីក្រចំនួន ៣២គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ព្រមទាំងថវិកាចំនួន២០,០០០រៀល ក្នុង១គ្រួសារ ។ ដោយឡែកTabletចំនួន១គ្រឿង បន្ថែមទៀត សម្រាប់រដ្ឋបាលសង្កាត់ ព្រមទាំងថវិកាមួយចំនួន ១០០,០០០៛ សម្រាប់ក្រុមប្រឹក្សាសង្កាត់ម្នាក់ៗ និង៥០,០០០៛ សម្រាប់មេភូមិម្នាក់ៗ។
ឯកឧត្តមអភិបាល បានណែនាំ អប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការទប់ស្កាត់ការរីករាលការពារការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។