នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី “បរិស្ថានគ្មាន ផ្សែងបារីក្នុងវិស័យទេសចរណ៍ និងចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍មួយចំនួនក្នុងក្រុងកែប ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្ត ។
លោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្ត បានលេីកឡេីងថា ខេត្តកែប បានក្លាយជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានភាពប្រកួតប្រជែង ទាំងក្នុងតំបន់ និងពិភពលោក។ រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត ដោយជឿជាក់ថា ផែនការមេនេះ នឹងជួយឲ្យខេត្តកែប ក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
លោកស្រីបានបន្ថែមទៀតថា ដោយសារវិស័យទេសចរណ៍ ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះរដ្ឋបាលខេត្ត បានគិរគូរ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ, ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀត ដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដទៃទៀត សម្រាប់កំណើនវិស័យទេសចរណ៍ ។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ដា ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសសេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តកែប ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់។
លើសពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា កម្មវិធីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នេះ ក៏មានការលើកទឹកចិត្ត និងបញ្ជាក់ជាសក្ខីភាពថាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ»។