រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ឯកឧត្តមអភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សាក្តាម

ខេត្តកែប, ព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញ​ និងយុវជនចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សារក្តាម​ ដេីម្បីទទួលបានតម្លាភាពទាំងអ្នកទិញ​ អ្នកលក់​។
ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយមន្រ្តីជំនាញនាថ្ងៃនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមផ្ទាល់តែងតែលឺពាក្យថា អាជីវករនៅផ្សាក្តាមខេត្តកែប លក់ដូរកោរភ្ញៀវមិនដាក់ទឹក ហើយថ្លឹងគីឡូអោយភ្ញៀវមិនគ្រប់គីឡូទៀត។ ពេលនេះ រដ្ឋបាលខេត្ត បានចាត់មន្រ្តីជំនាញមកដាក់បន្ថែមទៀតនូវទីតាំងជញ្ជីងយុត្តធម៍ស្ទើតែគ្រប់ទីកន្លែងនៅក្នុងផ្សាក្តាម ហេតុនេះបងប្អូនភ្ញៀវទេសចរលែងមានក្តីបារម្មទៀតហើយ។

ករណីពេលដែលទិញពីអាជីវករនៅផ្សាក្តាមហើយបងប្អូនមានការសង្ស័យថាទំនិញមិនគ្រប់គីឡូ បងប្អូនអាចយកមកដាក់ថ្លឹងនៅជញ្ជីងយុត្តិទាំងនេះបាន ដោយឥតគិតថ្លៃ ដែលមានចំនួន​០៤ទីតាំង​ នៅផ្សារក្តាម​នេះ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ករណីដែលមន្ត្រីជំនាញរកឃើញថា មានអាជីវកររូបណា លក់ឥវ៉ាន់អោយភ្ញៀវ បានក្លែងបន្លំ វមិនគ្រប់គីឡូ អាជីវកររូននោះនឹងទទួលនូវការប្រមាណពីរដ្ឋបាលខេត្ត ឬបិទកន្លែងអាជីវកម្ម និងអាចទទួលខុសត្រូវជាមួយច្បាប់ទៀតផង។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំងដាក់ជញ្ជីងយុត្តិធម៌រួចមក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការណ៍​ការពារ​ជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស់ និងខិតបណ្ណផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ​ និងភ្ញៀវទេសចរជាតិ​ អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបផងដែរ៕

Related Post

Kep Administration