រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បំផុសបងប្អូនមន្រ្តីរាជការ អាជីវករ និងបងប្អូនប្រជាពលរដ្ឋសម្អាតអនាម័យបរិស្ថាន

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីសម្អាតអានម័យបរិស្ថាន តាមបណ្តោយឆ្នេរសមុទ្រ និងតំបន់រមនីយដ្ឋានក្នុងខេត្តកែប ដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមដោយអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុងកែប មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជនគ្រប់ប្រភេទបានចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា កែបជាខេត្តទេសចរណ៍មួយ ដ៏ល្បីល្បាញ បានទទួលជ័យលាភីជាច្រើនលើឆាតអន្តរជាតិ ក្នុងតំបន់ ដែលធ្វើអោយមហាជនទូទៅស្គាល់ និងចង់មកសម្រាកកំសាន្តនៅខេត្តកែបយើង។ ឯកឧត្តមបានបន្ថែមទៀតថា ទិន្នន័យបឋមភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តកែប មានចំនួនជាង ៤ម៉ឺននាក់ក្នុង១ថ្ងៃ។ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរណ៍អោយមានការពេញចិត្តពេញថ្លើម។
ឯកឧត្តមបានរំលឹកផងដែរថា ចំពោះអាជីវករទាំងអស់ត្រូវមានទឹកអាល់កុល សាប៊ូ សម្រាប់ភ្ញៀលាងសម្អាតដៃ និងត្រូវរៀបចំធុងសំរាមអោយបានល្អ និងមានរបៀបរាបរយ។ ចំពោះភ្ញៀវទេសចរណ៍ គួរតែមានម៉ាស់ អាល់កុល ឬជែលតាមខ្លួន ដើម្បីការពារជំងឺឆ្លង កូវីដ១៩ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថា តំបន់ឆ្នេរកំសាន្តខេត្តកែបបានរៀបចំយ៉ាងស្អាត ប្រកបដោយអនាម័យ មានសុវត្តិភាព ដោយអនុវត្តន៍តាមប្រសាសន៍សម្តេចតេជោ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការពារជំងឺកូវីដ១៩ ។

បន្ទប់មកឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជនដើររើសសំរាម តាមទីរមនីយដ្ឋាន និងតំបន់សំខាន់ៗមួយចំនួន ។

Related Post

Kep Administration