រដ្ឋបាលខេត្តកែប សូមថ្លែងអំណរគុណ ដល់បងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ដែលបានជ្រើសរើសខេត្តកែប សម្រាប់ដំណើរកំសាន្តក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី 4 ឆ្នាំ 1.1 K សេង តាង រដ្ឋបាលខេត្តកែប សូមជម្រាបថា ភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តក្នុងខេត្តកែប ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងរយៈពេល៥ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ២០២០) មានចំនួន ១៤៦,៣៨៣នាក់ ជាចំនួនមួយដែលលើសលុប បើប្រៀបធៀបជាមួយប្រជាជនសរុបក្នុងខេត្ត មានត្រឹមតែតែ៤២,២៣១នាក់។ សូមជម្រាបថា រដ្ឋបាលខេត្ត បានសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងវិស័យឯកជន អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងកំសាន្តនានាក្នុងខេត្ត។រដ្ឋបាលខេត្ត ក៏សូមអភ័យទោសនូវរាល់ចំណុចខ្វះខាតមួយចំនួនមានដូចជា កន្លែងអង្គុយលេងមានការកកស្ទះ ចរាចរនៅតំបន់ខ្លះរបស់ខេត្តមានការមាមញឹក ធ្វើអោយបងប្អូនមានការធុញទ្រាន់ ខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់ផងដែរ។បញ្ហាចម្បងមានបងប្អូនអាជីវករយើងមួយចំនួនតូច ឆ្លៀតឱកាសតំឡើងថ្លៃលើសេវាស្នាក់នៅ និងម្ហូបអាហារ ដែលទាំងនេះមិនមែនជាគោលការណ៍ណែនាំរបស់ខេត្តកែបនោះឡើយ។រដ្ឋបាលខេត្ត នឹងខិតខំកែសម្រួលនូវរាល់បញ្ហាដែលជួបប្រទះទាំងនេះ ដើម្បីបំពេញចិត្តជូនបងប្អូនដែលបានមកសម្រាកកំសាន្តនៅលើទឹកដីខេត្តកែប ។ រដ្ឋបាលខេត្តកែបសូមគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានផ្តល់ជូននូវថ្ងៃឈប់សម្រាប់សងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីពាក់កណ្ដាលខែមេសាកន្លងមក ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់ កម្មករ កម្មការិនីរោងចក្រ សហគ្រាស វិស័យឯកជននានានៅទូទាំងប្រទេស ។រដ្ឋបាលខេត្តកែបសំណូមពរចំពោះបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនអាជីវករទាំងអស់មេត្តាយកចិត្តទុកដាក់បញ្ហាសំរាមទុកដាក់អោយបានល្អ ធ្វើយ៉ាងណាត្រូវមានការវេចខ្ចប់អោយបានត្រឹមត្រូវ ដាក់ក្នុងធុងសំរាមដែលនៅជិតលោកអ្នក និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អោយបានគ្រប់គ្នា ៕