ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព 4 ឆ្នាំ 1.7 K សេង តាង នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា របស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកែប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខបានធ្វើកំណែទម្រង់ឥតឈប់ឈរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់សមធម៌ក្នុងសង្គម និងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមទៀតថា ជាមន្រ្តីទាំងជួរ ជួរក្រោយត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ ដេីម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងត្រូវមានចរិយាសុភាពរាបសា ដាក់ខ្លួនជាអ្នកបម្រេីរាស្រ្ត មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ ។ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត ដើម្បីផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារច្រកនេះ ក៏បានផ្សព្វផ្សាយ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការដាក់អោយតំណើការជាផ្លូវការនូវកម្មវីធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត។តាមខ្លឹមសារ ស ជ ណ នេះការផ្តល់សេវារបស់អង្គភាពច្រកនឹងមានទំនើបកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យគមនាគមន៍-បច្ចេកវិទ្យគមនាគមន៍ និងព័ត័មាន ដែលអាចកត់ត្រាទិន្នន័យរួម ចំនួនសេវា ចំណូលសេវា ហើយប្រជាពលរដ្ឋដែលស្នើសុំសេវា ក៏អាចពិនិត្យមើលពីរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមតំណាក់កាលនីមួយៗ តាមទូរសព្ទដៃ នឹងចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០ នេះតទៅ។ឯកឧត្តមអភិបាល បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីច្រកចេញចូលតែមួយ ក្នុងការបំពេញការងារផ្តល់សេវារដ្ឋបាល និងការិយាល័យប្រជាពលរដ្ឋ ដែលតែងតែសម្របសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទន៕