អំណោយមនុស្សធម៌ ត្រូវបានចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប 3 ឆ្នាំ 540 សេង តាង ខេត្តកែប, ព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា រដ្ឋបាលស្រុកដំណាក់ចង្អេីរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះ នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ នាឱកាសនោះ ឯកឧត្តមប្រធានគណ:កម្មាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីសំណាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្ដេចប្រធាន តែងតែយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ។លេីសពីនេះឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ សូមបញ្ជាក់ដែរថា គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប បានទទួលអំណោយសម្បុរសធម៍មានដូចជា គ្រឿងឩបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកាមួយចំនួនផងដែរ៕