ខេត្តកែប៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ច្បាប់កម្មសិទ្ធបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីរាជការ សិប្បករ សិស្សានុសិស្សសាលាដុនបូស្កូ សរុប ៩១នាក់។
លោក ព្រុំ គន្ធិ អភិបាលរងខេត្ត លើកឡើងថា វគ្គបណ្តុះបណ្តាលនៅព្រឹកនេះមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាម ដែលមកទទួលយកការអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួន ដើម្បីគ្រប់គ្រង និងអាចចូលរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ប្រទេសជាពិសេសខេត្តកែបឲ្យមានកំណើនបន្តទៅមុខទៀត។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺរួមចំណែកយ៉ាងសំខាន់ពីសហគ្រាសធុនតូច និងមធ្យម ដែលតម្រូវឲ្យក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព ចំណេះដឹង ជូនសហគ្រាសធុនតូច និងមធ្យម បន្ថែមទៀត ។
លោកបានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ខេត្តកែបបានខិតខំស្ថាបនាកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ សំណង់អាគារ តំបន់កំសាន្តជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ និង វិនិយោគិន មកវិនិយោគក្នុងខេត្តកែប ថ្មីនេះក៏មានក្រុមហ៊ុន អាកូ ដែលផ្តោតទៅលើទឹក ភ្លើង និងផ្លូវថ្នល់បានចាប់ផ្តើមគម្រោងលើទឹកដីខេត្ត ផ្តោតសំខាន់ទៅលើទឹកស្អាតទូទាំងខេត្តកែប ។
ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានថ្លែងថា វគ្គបណ្តុះបណ្តាលរយៈមួយព្រឹកនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹងចាំបាច់មួយចំនួនដល់សិក្ខាកាមទាំងអស់ បានយល់ដឹងអំពីច្បាប់កម្មសិទ្ធបញ្ញា លើការគ្រប់គ្រងសហគ្រិនភាព សហគ្រាសធុនតូច និងមធ្យម ការយល់ដឹងពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជសញ្ញា និងនីតិវិធីពន្ធដារជាដើម។
ទន្ទឹមនឹងនោះ ឯកឧត្តម សួន វិជ្ជា បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម បានខិតខំ ប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើន ទាំងការសម្រួលពាណិជ្ជកម្ម ដោយលុបបំបាត់នូវការិយាល័យធិបតេយ្យ កាត់បន្ថយនូវបែបបទនាំចេញនាំចូល និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ធ្វើការនាំចេញដោយបានកសាងច្បាប់ និងបទប្បញ្ញាត្តិនានា ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង និងលក្ខខណ្ឌទីផ្សារមួយ ដែលប្រកបដោយសេរី និងយុត្តិធម៌។
ជាមួយគ្នានេះដែរ ឯកឧត្តម សួន វិជ្ជា ក៏បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រទទួលយកចំណេះដឹង និងបទពិសោធន៍ ដែលវាគ្មិនរបស់ក្រសួងពាណិជ្ជកម្ម ចែករំលែកជូននៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕