ខេត្តកែប៖ ថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ទទួលបន្ទុកការងារ សុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារីដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានចុះតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តកែប និងមកជួបជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តនៅសាលប្រជុំសាលាខេត្តកែប ដេីម្បីត្រួតពិនិត្យសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅខេត្តកែប ។
ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ខេត្តកែប មានមូលដ្ឋានសុខាភិបាល (មណ្ឌលសុខភាពទាំង ៥ និង មន្ទីរពេទ្យខេត្ត ១ ) បានផ្តល់សេវា សមធម៌ ២,៧៤៦ ករណី និង ប.ស.ស ៣២០ ករណី ជូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពពីហិរញ្ញប្បទាន សុខាភិបាលក្នុងខេត្តកែបទាំងមូល នេះគឺជាលើក ស្ទួយជីវភាពនិងសុខុមាលភាពពលរដ្ឋអោយកាន់តែប្រសើរឡើង។ ឯកឧត្តមបន្តថា តាមរយៈមូលនិធិសមធម៌ និងបេឡាជាតិ របបសន្តិសុខសង្គមនេះ បានកំពុងបំរេីសេវាលេីការថែទាំសុខភាព និង ដោះស្រាយជីវភាពជូនពលរដ្ឋអោយប្រសើរឡើងជាលំដាប់។
ឯកឧត្តមអភិបាលខេត្តកែប បានអោយដឹងថា ដោយឡែកលទ្ធផលដែលសំខាន់ៗរយៈពេល ៦ ខែ ឆ្នាំ២០១៩ នេះ សម្រេចបាន លេីការងារ÷
-ពិគ្រោះជំងឺ សរុប ១៤,៨៧៩ ករណី
-ពិនិត្យផ្ទៃពោះលេីទី ២ និង ទី៤ សរុប ៥៦៥ នាក់
-សម្រាលកូនដោយបុគ្គលិកសុខាភិបាល។ សរុប ២៤១ នាក់
-ផ្តល់ថ្នាំបង្ការដល់កុមារក្រោមអាយុ១ឆ្នាំ ២,៦២៩ នាក់
-បានផ្សព្វផ្សាយ អប់រំ អំពីការប្រឆាំងជម្ងឺគ្រុនឈាម នៅតាមសាលារៀន សហគមន៍ និងបាញ់ថ្នាំសម្លាប់មូសតាមផ្ទះ។
នៅក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា ក៏បានគូសបញ្ជាក់ដល់គណៈប្រតិភូរគណៈកម្មការទី៨ នៃរដ្ឋសភា អំពីសមិទ្ធផលការងារដែលអាជ្ញាធរខេត្ត និងមន្ទីរនានាសម្រេចបាន កន្លងមកផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា កំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យរបស់រាជរដ្ឋាភិបាល បានកំពុងមានប្រសិទ្ធភាពនៅក្នុង ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រព័ន្ធយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ កំណែទម្រង់នេះ ទទួលបានការកោតសរសើរពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា វិស័យសុខាភិបាលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបងប្អូនប្រជាពលរដ្ឋ នៅពេលគាត់មានជម្ងឺ ត្រូវរត់មករកមន្ទីរពេទ្យរបស់រដ្ឋ ឬឯកជន ដូច្នេះយើងត្រូវតែខិតខំធ្វើយ៉ាងណាឲ្យការបម្រើសេវាសុខាភិបាលនេះ មានភាពឆាប់រហ័ស លឿន និងមិនមានការរិះគន់ពីពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនេះ។
លោកជំទាវប្រធានគណៈកម្មការទី៨ បានមានប្រសាសន៏បន្តទៀតថា បញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងនៅ តាមមន្ទីរពេទ្យ យើងត្រូវរួមគ្នាដោះស្រាយ និងលុបបំបាត់ចោលឲ្យអស់នូវសកម្មភាពអសកម្មនានា ដែលតែងតែកើតមានឡើងជារឿយៗក្នុងមន្ទីរពេទ្យ ជាពិសេសមន្ទីរត្រូវធ្វើការណែនាំទៅដល់បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំពិនិត្យសុខភាពជូនពលរដ្ឋ និងត្រូវកាត់បន្ថយ ពាក្យសំដីមិនសមរម្យដាក់អ្នកជំងឺដែលនាំអោយមានការរិះគន់ពីប្រជាពលរដ្ឋ ។
បើតាមលោកជំទាវ ឡោក ខេង ការបម្រើសេខាសុខាភិបាលនេះបានល្អ នឹងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋជាក់ជាពុំខាន ពោលគឺនៅពេលប្រជាពលរដ្ឋមានបញ្ហាសុខភាព ពួកគាត់នឹងមិនទៅរកសេវាសុខាភិបាលឯកជនឬចេញទៅពិនិត្យសុខភាពនិងព្យាបាលជម្ងឺនៅក្រៅប្រទេសនោះទេ គឺពួកគាត់ នឹងពិនិត្យ ព្យាបាលជម្ងឺនៅក្នុងស្រុកជាក់ជាពុំខាន ក្រៅពីនេះ មន្ទីរ ពាក់ព័ន្ធបីទៀត ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនអោយបានល្អ លុបបំបាត់ រាល់ទង្វើអសកម្មផ្សេងៗ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ ក៏ដូចជាយុទ្ធ សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត ។
លោកជំទាវ ឡោក ខេង បានកោតសរសេីរដល់អាជ្ញាធរខេត្តកែប ដែលបានយកចិត្តទុកដាក់ដឹកនាំ និង អភិវឌ្ឍខេត្ត កសាងបាននៅសមិទ្ធផលផ្សេងៗក្នុងខេត្តជាបន្តបន្ទប់់។ លោកជំទាវបានជំរុញអាជ្ញាធរខេត្ត បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី អោយបានយល់ដឹង និងប្រើប្រាស់សេវានេះ អោយបានគ្រប់ៗគ្នា ស្របតាម ការគិតគូរ និងយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ចំពោះជីវភាព និងសុខុមាលភាពរបស់ពលរដ្ឋនោះ។
លោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះការការពារ និងបំផ្លាញកាក សំណល់ដែលធ្វេីអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៅតាម លក្ខណៈបច្ចេកទេសអោយបានត្រូឹមត្រូវ៕