រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកែប៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តតាកែវ កំពត កែប អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ ប្រមាណ ៥១០នាក់ បានចូលរួម ។

ប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះឯកឧត្តម កែន សត្ថា បានគូសបញ្ជាក់ថា​ សន្និបាតរបស់យើងនាថ្ងៃនេះ គឺមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និង លទ្ធផលនានា​ នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនកាប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាពនានា សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២០នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់) ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ ដែលបានកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋាននានា ជាពិសេសនៅតំបន់មាត់សមុទ្រក្នុងខេត្តកែប និងតាមបណ្តាកោះក្នុងទឹកដីខេត្ត ទោះបីករណីផ្ទុះឡើងនូវ ជម្ងឺ ខូវីដ១៩ នៅតាមបណ្តាប្រទេសមួយចំនួន ដលធ្វើឲ្យមានការធ្លាក់ចុះភ្ញៀវទេសចរណ៍ក៏ពិតមែននោះ តែអាជ្ញាធរខេត្តនៅតែបន្តក្នុងការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងបានផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំខាន់ សន្តិសុខ ទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

លើសពីនេះឯកឧត្តម កែន សត្ថា បានសង្កត់ធ្ងន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ អនាម័យក្រុង និង សំណង់អាណាធិបតេយ្យ រំលោភដីចំណីផ្លូវជាដើម។ ព្រមទាំងលើកនូវវិធានការល្អៗមួយចំនួន ក្នុងការធ្វើបទអន្តរាគមន៍ លើកឡើងពីបទពិសោធន៍កន្លងមក ក្នុងការឆ្លុះបញ្ចាំឲ្យឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងរកវិធានការដោះស្រាយចំពោះមុខ តាមប្រធានបទ នៃបទអន្តរាគមន៍ ដាក់ជូនអង្គសន្និបាត ក្នុងគោលដៅនៃការប្រមូលផ្តុំទស្សនៈ ក្នុងការរៀបចំឥរិយាបថសមស្រប ដើមី្បបង្កើតវប្បធម៌ ប្រជាធិបតេយ្យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព សមធម៌ មានតម្លាភាព ក្នុងការឆ្លើយតបប្រកបដោយសីលធម៌ ក្នុងការផ្តល់សេវាសាធារណៈ។

ឯកឧត្តម បានបន្ថែមទៀតថា ចំពោះការកែទម្រង់វិឌ្ឈការ និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅ ដែលក្នុងនោះសមិទ្ធផលសំខាន់ដែលមានលក្ខណៈ​ ប្រវត្តិសាស្ត្រនោះ គឺការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង នៅថ្នាក់ក្រុង ស្រុកព្រមជាមួយនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យស្ដីពីការផ្ទេរមុខងារផ្តល់សេវាសុខាភិបាលមកឱ្យរដ្ឋបាលខេត្តផងដែរ។

ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ការផ្ទេរមុខងារ ធនធានមក ឱ្យថ្នាក់រដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក៏បានបង្កើនការផ្ទេរធនធាន ហិរញ្ញវត្ថុផ្នែកអភិវឌ្ឍដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០ នេះ ឱ្យមានការកើនឡើងទ្វេដងប្រៀបនឹងឆ្នាំ) ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍនេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។

ឯកឧត្តម​ ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់​ ត្រូវក្តាប់អោយបាននូវសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការ ពិភាក្សា​ស្វែងរក​មូលហេតុនៃបញ្ហាដែលកេីតមានឡេីងក្នុងឆ្នាំ២០១៩​នេះ ផ្តល់នូវបទពិសោធល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២០​ ឱ្យកាន់តែមានភាពល្អប្រសេីរ​ថែមទៀត​ ៕

Related Post

Kep Administration