រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

មន្ទីរសុខាភិបាលខេត្តកែប បានដាក់ឲ្យដំណើរការ នៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្តកែប

ខេត្តកែបៈ រសៀលថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយ ដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលខេត្ត នៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមសុីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តកែបសរុប ៨០ រូប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍អបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនអោយដល់មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព​ ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មី ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តត្រូវតែទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចំពោះការផ្តល់សេវាសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។

ចុងបញ្ចប់ ឯកឧត្តមបានស្នេីរសុំ និងផ្តាំផ្ញេីរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាលត្រូវសហការគ្នាអោយបានល្អ ក្នុងការបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានាជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាអោយបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ( Covid-19) នៅតាមសហគមន៍៕

Related Post

Kep Administration