ខេត្តកែប៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីខ្លឹមសារសេចក្តីណែនាំលេខ ១៦២២សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តកែប ដែលការចូលរួម ដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ ស្នងការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយិកាទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបប្រមាន៥០រូប ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ រដ្ឋបាលឯកភាព រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌរួចរាល់អស់ហើយ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងបរិបទថ្មីនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យកាន់តែមាន ប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន យើងត្រូវតែកំណត់រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុកដែលត្រូវទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំ ឬអ្នកប្រគល់សិទ្ធ នៃរដ្ឋបាល ក្រុង ស្រុក ប្រើប្រាស់ត្រា និងចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុកសាមីនីមួយៗ ។ ចំពោះការផ្តល់សេវា អភិបាលក្រុង ស្រុក ត្រូវកំណត់ក្របខណ្ឌពេលវេលាជាក់លាក់សម្រាប់ការពិនិត្យ សម្រេច និងចុះហត្ថលេខា លើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តតាមក្របខណ្ឌពេលវេលាដែលបានកំណត់ឱ្យបានម៉ឺងម៉ាត់។
ចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ៗ ទៅលើលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្រីអភិបាលក្រុងស្រុកទាំងពីរថា ត្រូវតែអនុវត្តន៍តួនាទីភារកិច្ចអោយបានត្រឹមត្រូវតាមការណែនាំរបស់ថ្នាក់ជាតិ ព្រមទាំងជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានឆាប់រហ័សបំផុត៕