រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ការផ្ដល់សេវា​ តាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយ​ស្រួល ឆាប់រហ័ស និងមានតម្លាភាព

នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្តកែប​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម​នានា​ របស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប​ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​អភិបាល​ នៃគណអភិបាលខេត្តកែប​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ​ ជាប្រមុខ​បានធ្វើ​កំណែទម្រង់ឥតឈប់ឈរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់​សម​ធម៌​ក្នុងសង្គម និង​​ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម​ បានបន្ថែមទៀតថា​ ជាមន្រ្តីទាំងជួរ​ ជួរក្រោយ​ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ​ ដេីម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា​ និងត្រូវមានចរិយាសុភាពរាបសា​ ដាក់ខ្លួនជាអ្នកបម្រេីរាស្រ្ត​ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ​ ។
ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត​ ដើម្បីផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវា​ទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារច្រកនេះ ក៏បានផ្សព្វផ្សាយ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីការដាក់អោយតំណើការជាផ្លូវការនូវកម្មវីធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត។
តាមខ្លឹមសារ ស ជ ណ នេះការផ្តល់សេវារបស់អង្គភាពច្រកនឹងមានទំនើបកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យគមនាគមន៍-បច្ចេកវិទ្យគមនាគមន៍ និងព័ត័មាន ដែលអាចកត់ត្រាទិន្នន័យរួម ចំនួនសេវា ចំណូលសេវា ហើយប្រជាពលរដ្ឋដែលស្នើសុំសេវា ក៏អាចពិនិត្យមើលពីរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមតំណាក់កាលនីមួយៗ តាមទូរសព្ទដៃ​ នឹងចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០ នេះតទៅ​។
ឯកឧត្តមអភិបាល​ បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីច្រកចេញចូលតែមួយ​ ក្នុងការបំពេញការងារផ្តល់សេវារដ្ឋបាល និងការិយាល័យ​ប្រជាពលរដ្ឋ​ ដែលតែងតែសម្របសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទន​៕

Related Post

Kep Administration