រដ្ឋបាលខេត្តកែប ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១ នៃព្រឹទ្ធសភា) 4 ឆ្នាំ 1.2 K សេង តាង នៅព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានទទួលស្វាគមន៍គណ:ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នៅសាលាខេត្តកែប ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅខេត្តកែប។ បន្ទាប់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តធ្វេីសេចក្ដីរាយការណ៍ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ របស់ខេត្ត ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឱ្យខេត្តកែប មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវពានរង្វាន់ជាច្រេីន និងល្បីល្បាញ ទាំងថ្នាក់ជាតិ តំបន់ និងសកលលោក រួចមក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់អាជ្ញាធរខេត្តកែប និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដែលធ្វើអោយខេត្តកែប មានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ៕