វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត 2 ឆ្នាំ 722 Phok Sokhen ខេត្តកែប, រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកសមាជិកក្រុមប្រឹក្សាខេត្តតំណាងគណៈកម្មាធិការទាំង៣ របស់ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពនានាចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ ស្មៀន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមយុវជននានាក្នុងខេត្ត សរុបប្រមាណ ៦៦រូប។ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការគាំទ្រ ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមបានបន្ថែមទៀតថា វេទិការនេះអាចឱ្យយើងធ្វើការពិភាក្សាលើការអនុវត្តប្រព័ន្ធផែនការថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងសកម្មភាពអភិវឌ្ឍន៍របស់យើងទាំងអស់គ្នា។ ជាក់ស្ដែង អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់គឺ ១២,៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២,៦១% នៅឆ្នាំ២០២២។ ទំហំសេដ្ឋកិច្ចខេត្ត ប្រមាណ ២១៨,៥៣២ លានរៀល គិតជាដុល្លាប្រហែល ៥៤ លានដុល្លាអាមេរិក ស្មើ០.២% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តមានកំណើន ០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០។ ចំណូលសម្រាប់ម្នាក់ មានចំនួន ១,២០៦ ដុល្លាអាមេរិក នៅឆ្នាំ២០២១។លោក ភោគ សុខេន អនុប្រធានមន្ទីរផែនការ តំណាងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងដែលមានថវិកាគាំទ្រអនុវត្តសម្រាប់ឆ្នាំ២០២៣ និងតម្រូវការអាទិភាពទូទាំងខេត្ត ដើម្បីដាក់ជូនសមាជិកសមាជិកាទាំងមូលពិនិត្យ ពិចារណា និងគាំទ្រអនុវត្តបន្តទៀត។ ព្រមជាមួយគ្នានេះផងដែរ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានបញ្ជាក់អំពីសេចក្តីណែនាំសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំសង្កាត់ ដែលនឹងគ្រោងរៀបចំឡើង នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមក្រុងស្រុកផងដែរ។នៅចុងបញ្ចប់ នៃវេទិការពិគ្រោះយោបល់នេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជំរុញឱ្យមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងត្រូវចូលរួមអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យមានភាពល្អប្រសើរ ជាពិសេសដៃគូអភិវឌ្ឍន៍នានា សូមបន្ដគាំទ្រគម្រោង សកម្មភាពអាទិភាពដែលបានលើកឡើងក្នុងកម្មវិធីនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងជួយដល់ដំណើរការពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ។ ឆ្លងតាមការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍កន្លងមក ខេត្ដមានការរីកចំរើនយ៉ាងខ្លាំង បាននាំមកជូននូវភាពសុខដុមរមនា ធានាបាននូវសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សាធារណៈសុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែលម្អ និងរីកចំរើនជាលំដាប់ និងបន្ដវប្បធម៌នៃការចូលរួមគ្រប់មជ្ឈដ្ឋានបន្ដទៀត ដើម្បីធានាបាននិរន្ដរភាព និងប្រសិទ្ធិភាព៕